NOCC បង្កើត​សមិទ្ធផល​កីឡា​ថ្មី​ប្លែក​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​
29, Oct 2017 , 6:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន ដំបងភ្លើងដែលអត្តពលិកត្រូវកាន់រត់ក្នុងទិវារត់ប្រណាំងពេលរាត្រីនៅផាប់ស្ទ្រីតខេត្តសៀមរាប, រូបភាពពី NOCC
លោក វ៉ាត់ ចំរើន ដំបងភ្លើងដែលអត្តពលិកត្រូវកាន់រត់ក្នុងទិវារត់ប្រណាំងពេលរាត្រីនៅផាប់ស្ទ្រីតខេត្តសៀមរាប, រូបភាពពី NOCC
ដោយ:
 គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) សហការ​ជាមួយ​ក្រសួងទេសចរណ៍ បង្កើត​ព្រឹត្តិការណ៍​រត់ប្រណាំង​ពេល​រាត្រី​លើកដំបូង នៅ​តំបន់​ផាប់​ស្ទ្រី​ត ទឹកដី​ប្រវត្តិសាស្ត្រ ខេត្តសៀមរាប​នា​ថ្ងៃទី​៥ ខែវិច្ឆិកា ខាងមុខ​។ អគ្គលេខាធិការ NOCC បានចាត់ទុក​ការរត់​ប្រណាំង​នេះ ជា​សមិទ្ធផល​កីឡា​ទេសចរណ៍​ថ្មី ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត នៅ​ខេត្តសៀមរាប​។​

 
​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អង្គរ ខេត្តសៀមរាប NOCC សហការ​ជាមួយ​ក្រសួងទេសចរណ៍ បង្កើត​សមិទ្ធផល​កីឡា​ទេសចរណ៍​ថ្មី​មួយ ឈ្មោះថា​«​ទិវា​រត់​កម្សាន្ត​ពេល​រាត្រី នៅ​តំបន់​ផាប់​ស្ទ្រី​ត​-​សៀមរាប​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ NOCC ហើយ​លោក​បាន​បន្ថែមថា អ្នក​ចូល​រត់​ត្រូវ​កាន់​ភ្លើង​ជ័រ​មាន​ពណ៌​ចម្រុះ​ក្នុង​ដៃ និង​ពាក់កង​ភ្លើង​នៅ​ក ឬ​នៅ​កដៃ​ជាដើម​។ 
 
  
លោក សែម ផល្លា លើកបង្ហាញរូបភាពសកម្មភាពរត់ប្រណាំងនៅកម្ពុជាដែលទស្សនាវដ្តីបរទេសយកទៅចុះផ្សាយ

​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ថវិកា​ដែល​ប្រមូលបាន​ពី​ការលក់​សំបុត្រ​ចូលរួម​រត់​កម្សាន្ត​ពេល​រាត្រី​នេះ នឹង​យកទៅជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​នានា​ដែល​ធ្វើការ​មនុស្សធម៌​។ អគ្គលេខាធិការ NOCC រូបនេះ បាន​បន្ថែមថា លោក​នឹង​ព្យាយាម​អភិវឌ្ឍន៍​កម្មវិធី​រត់​ប្រណាំង​ពេល​រាត្រី​ឲ្យ​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​ល្បីល្បាញ ដូច​ព្រឹត្តិការណ៍​រត់ប្រណាំង​ផ្សេងៗ​ទៀតផង​ដែរ​។ សម្រាប់​ការរៀបចំ​លើកដំបូង​នេះ លោក​អះអាងថា អាចមាន​អត្ត​ព​លិ​ក​ចូលរួម មិន​លើសពី​៥០០​នាក់ នោះឡើយ​។​
 
​លោក សែម ផល្លា ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បានបញ្ជាក់​ថា អត្ត​ព​លិ​ក​ត្រូវ​រត់តាម​បណ្តោយ​មាត់​ស្ទឹង​សៀមរាប ក្នុង​ចម្ងាយ​៥​គីឡូម៉ែត្រ ដោយនៅ​តាមផ្លូវ​រត់​មាន​បំពាក់​ភ្លើង​ចម្រុះ​ពណ៌ និង​មាន​បទ​ភ្លេង​កំដរ​ទៀតផង​។ លើសពីនេះ នៅ​ចំណុច​ដល់ទី ក្រៅពី​ការបំពាក់​មេដាយ​ដល់​អត្ត​ព​លិ​ក និង​មានការ​រាំលេង​កម្សាន្ត ជាមួយ​ចង្វាក់ភ្លេង​នៅ​ទីនោះ​ផងដែរ​។ ការរត់​ប្រណាំង​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៧​យប់ ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខ​។ 
 
​សំបុត្រ​ចូលរួម មានតម្លៃ​៨​ដុល្លារ​សម្រាប់​អត្ត​ព​លិ​ក​កម្ពុជា និង​តម្លៃ​២៥​ដុល្លារ​សម្រាប់​អត្ត​ព​លិ​កប​រទេស ហើយ​អត្ត​ព​លិ​ក​ដែល​ចុះឈ្មោះ​ចូលរួម នឹង​ទទួល​ដំបង​ភ្លើង​ជ័រ និង​កង​ភ្លើង​ម្នា​ក់មួយ រួមទាំង​សម្ភារ​ផ្សេងៗ​ទៀត​។ ការចុះឈ្មោះ​ចូលរួម​រត់ប្រណាំង នឹង​បន្ត​ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា​តែម្តង​។  
 
​ទាំង​លោក វ៉ា​ត់ ចំរើន និង​លោក សែម ផល្លា សុទ្ធតែ​រំពឹងថា នៅ​ឆ្នាំក្រោយៗ​ទៀត ព្រឹត្តិការណ៍​នេះ​នឹង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន ព្រោះ​នៅតាម​ប្រទេស​ក្នុង​តំបន់ និង​លើ​ពិភពលោក​ទទួលបាន​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​នេះ​៕       
 
  


© រក្សាសិទ្ធិដោយ thmeythmey.com